ក្រុមហ៊ុន Tesla ត្រៀមបំបែកអាជីវកម្មនៅចិន ដើម្បីរៀបចំការរួមបញ្ចូលគ្នាជាមួយ SpaceX

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal បានឱ្យដឹងថា ថ្នាក់ដឹកនាំក្រុមហ៊ុន Tesla ត្រូវបានណែនាំឱ្យរៀបចំផែនការបំបែកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ដើម្បីត្រៀមលក្ខណៈសម្រាប់សេនារីយ៉ូនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Tesla និងក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk។
ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ អាចនឹងប្រឈមមុខនឹងឧបសគ្គភូមិសាស្ត្រនយោបាយ និងបទប្បញ្ញត្តិច្បាប់យ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសចិន។ នេះក៏ដោយសារតែក្រុមហ៊ុន SpaceX គឺជាអ្នកម៉ៅការការពារជាតិដ៏សំខាន់របស់អាមេរិកដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ ខណៈពេលដែល Tesla មានរោងចក្រផលិតរថយន្តដ៏ធំ និងគ្រប់គ្រងអាជីវកម្មទាំងស្រុងនៅក្នុងប្រទេសចិន។
រោងចក្រ Gigafactory នៅទីក្រុងស៊ាងហៃ គឺជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញដ៏សំខាន់បំផុតរបស់ Tesla ដោយរួមចំណែកលើសពីពាក់កណ្តាលនៃការប្រគល់រថយន្តសរុបនៅលើពិភពលោក និងមានសមត្ថភាពផលិតលើសពី ៩៥០,០០០ គ្រឿងក្នុងមួយឆ្នាំ។
ប្រភពដដែលបានបន្ថែមថា ជម្រើសនៃការបំបែកអាជីវកម្មនេះ អាចរាប់បញ្ចូលទាំងការបង្កើតអង្គភាពលក់ដាច់ដោយឡែកសម្រាប់ការនាំចេញ ការបង្កើតប្រព័ន្ធកុំព្យូទ័រ និងទិន្នន័យឡែកពីគ្នា ព្រមទាំងការហាមឃាត់បុគ្គលិកនៅចិនមិនឱ្យចូលប្រើប្រាស់ប្រព័ន្ធទិន្នន័យនៃផ្នែកផ្សេងទៀតរបស់ក្រុមហ៊ុន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគមកពីធនាគារ JPMorgan បានចង្អុលបង្ហាញថា ការទទួលបានការអនុម័តពីស្ថាប័នគ្រប់គ្រង គឺជាឧបសគ្គដ៏ធំមួយ ជាពិសេសពីសំណាក់អាជ្ញាធរចិន ដែលអាចមានការព្រួយបារម្ភផ្នែកសន្តិសុខជាតិចំពោះទំនាក់ទំនងជិតស្និទ្ធរវាង SpaceX និងរដ្ឋាភិបាលអាមេរិក។