អ្នករាយការណ៍ពិសេស UN៖ «ថៃមិនបានឆ្លើយតបចំពោះព្រាងថ្លែងការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ»

លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលថៃមិនបានឆ្លើយតបចំពោះសេចក្តីព្រាងនៃថ្លែងការណ៍របស់លោក ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា លោកនៅតែស្វាគមន៍ និងសហការជាមួយមន្ត្រីថៃ មុនពេលលោកបញ្ជូនរបាយការណ៍បន្តទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
នៅក្នុងថ្លែងការណ៍នាថ្ងៃទី៦ ខែសីហា លោក Tom Andrews បានសម្តែងនូវការអរគុណចំពោះការចាប់អារម្មណ៍លើមតិយោបល់ដែលលោកបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការបញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា លោកទទួលយកនូវរាល់មតិរិះគន់ និងការឆ្លើយតបនានា ជុំវិញថ្លែងការណ៍របស់លោក រួមទាំងជំហរពីរដ្ឋាភិបាលថៃផងដែរ។
អ្នករាយការណ៍ពិសេសរូបនេះបានបន្តថា មុនពេលចេញផ្សាយថ្លែងការណ៍ជាផ្លូវការ លោកបានផ្ញើសេចក្តីព្រាងផ្នែកដែលពាក់ព័ន្ធនឹងជម្លោះព្រំដែន រួមទាំងព័ត៌មានស្តីពីការភៀសខ្លួនរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់អាជ្ញាធរថៃមុនរយៈពេលពីរថ្ងៃ។ ទោះបីជាមិនទទួលបានការឆ្លើយតបពីភាគីថៃយ៉ាងណាក៏ដោយ ក៏លោកនៅតែបើកទូលាយក្នុងការពិភាក្សាអំពីទស្សនៈរបស់រដ្ឋាភិបាលថៃលើបញ្ហានេះ។
ការបកស្រាយនេះបានធ្វើឡើង បន្ទាប់ពីមន្ត្រីថៃបានចេញមុខតវ៉ាជាសាធារណៈចំពោះតួលេខដែលលោក Tom Andrews លើកឡើងថា មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០នាក់បានភៀសខ្លួន ដោយភាគីថៃអះអាងថា មនុស្សមួយចំនួនក្នុងតួលេខនោះកំពុងរស់នៅលើទឹកដីថៃ។ ជាការឆ្លើយតប លោកបានទទួលស្គាល់ជំហររបស់ថៃ ប៉ុន្តែបានអះអាងថា តួលេខនេះគឺដកស្រង់ចេញពីរាយការណ៍របស់អង្គការសហប្រជាជាតិ ហើយការគិតគូរពីប្រជាជនភៀសខ្លួន គឺផ្អែកលើកង្វល់ផ្នែកសិទ្ធិមនុស្ស ដោយមិនខ្វល់ពីការទាមទារអធិបតេយ្យភាពទឹកដីនោះឡើយ។
បន្ថែមពីនេះ លោក Tom Andrews បានបន្តថា លោកនឹងរៀបចំរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យរួចរាល់ សម្រាប់ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅខែក្រោយ ហើយលោកមានបំណងទាក់ទងទៅរដ្ឋាភិបាលថៃម្តងទៀត ដើម្បីស្វែងយល់ពីជំហររបស់ពួកគេមុនពេលរបាយការណ៍ត្រូវបោះពុម្ពផ្សាយ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវជាថ្មីឱ្យមានការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី និងឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះសម្បែងវិញ និងស្តារជីវភាពសេដ្ឋកិច្ចតាមព្រំដែនឡើងវិញ។
អត្ថបទពាក់ព័ន្ធ
ជាតិក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ាខ្លាំងៗ ក្រោយយោធាថៃបន្តឈូសឆាយផ្ទះពលរដ្ឋខ្មែរនៅព្រំដែនខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងយោធាថៃ ថាជាការរំលោភបំពានអធិបតេយ្យភាព ផ្ទុយពីអនុសញ្ញាហ្សឺណែវ និងកិច្ចព្រមព្រៀងទ្វេភាគី ស្របពេលផ្ទះពលរដ្ឋជាង ៦០០ខ្នងត្រូវបានបំផ្លាញរួចមកហើយចាប់តាំងពីបទឈប់បាញ់។
ជាតិកម្ពុជាប្រឆាំងដាច់ខាត ចំពោះការ <<សាងសង់ លេណដ្ឋាន និង ផែនការពង្រីកបណ្តាញអគ្គិសនី >>របស់ថៃ នៅតំបន់ព្រំដែន
ជាតិសម្តេចធិបតីចេញសារអបអរសាទរ កម្ពុជាដណ្តើមបានមេដាយ ៤១គ្រឿងពីព្រឹត្តិការណ៍តេក្វាន់ដូ ITF ជើងឯកអាស៊ី
រៅពីភាពជោគជ័យក្នុងការប្រកួតកម្រិតទ្វីប កម្ពុជាក៏ទទួលបានសិទ្ធិជាប្រវត្តិសាស្ត្រ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ២០២៨ ផងដែរ។
ជាតិលោក ស៊ី ជិនពីង ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងរំលេចពីចំណងមិត្តភាព «ដែកថែប» កម្ពុជា-ចិន
មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ទំនាក់ទំនង «ដែកថែប» កម្ពុជា-ចិន គឺរឹងមាំដូចសិលា ទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី។